គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រ​កាស​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​កា​រណូត​និង​រថភ្លើង​ហ្វ្រី​រហូតដាច់​ឆ្នាំ​២០១៨

ភ្នំពេញ ៖ ​ជាមួយ​និង​វត្ត​មាន​ជា​សាធារណៈ​ក្រោយ​ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅក្នុង​ពិធី ដាក់ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ផ្តល់​កាដូ​ចំនួន​ពីរ​សម្រាប់​ប្រជាពលរដ្ឋ​ ។​

​ទី​១ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​នាវា​ដឹក​ជញ្ជូន​ថ្មី​នេះ​ដោយ​ឥតគិតថ្លៃ​ពី​ខណ្ឌប្ញស្សីកែវ ទៅ​កាន់​ក្រុង​តាខ្មៅ​។

ទី​២ ជិះ​រថភ្លើង​ពី​ខេត្ត​បន្ទាយមានជ័យ មក​កាន់​រាជធានី​ភ្នំពេញ​ហ្វ្រី រហូតដល់​ដំណាច់​ឆ្នាំ​២០១៨ ។​

​ការប្រកាស​របស់ សម្តេចតេជោ បាន​ធ្វើឡើង​នៅ​ព្រឹក​ពុធ​នេះ ក្នុងឱកាស​ដែល​សម្តេច​បង្ហាញ​មុខ​ក្នុង​វេទិកា​សាធារណៈ​លើកដំបូង ក្រោយពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដើម្បី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដែល​នឹង​ចាត់ទុក​ជា​សមិទ្ធផល​ថ្មី​មួយ​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​។​

​កន្លងទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិចជាង​មួយ​ម៉ោង​រវាង​ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈពេល​នេះ​តិចជាង រយៈពេល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។​

​ការធ្វើដំណើរ​មាន​ភាពទៀងទាត់ មាន​សុវត្ថិភាព និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង ៥៖៣០​ព្រឹក រហូតដល់​ម៉ោង ៦៖៣០​ល្ងាច​។ គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្នរ​ហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកដំណើរ​សរុប ៣០,៦៤៧​នាក់ ដែល​ជា​មធ្យម​មាន​អ្នកដំណើរ​ប្រមាណ ២០០​នាក់​ក្នុង​មួយថ្ងៃ​។​

​សម្រាប់​ចំណត​នាវា​ឫស្សីកែវ​នេះ មាន​ផ្ទៃក្រឡា​បេតុង ៩៦៨​ម៉ែត្រការ៉េ ផែ​ដែក​បណ្តែត​មាន​ទំហំ ៣៦៦​ម៉ែត្រការ៉េ អាច​ផ្ទុក​បាន​ទម្ងន់​អតិបរិមា ១៨០​តោន ស្ពានដែក​មាន​ប្រវែង ៣០​ម៉ែត្រ និង​អគារ​រង់ចាំ​មាន​ទំហំ ៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ថវិកា​ជាតិ​ទាំងស្រុង​ប្រមាណ ២.៣៥១.៧៣០.០០០​រៀល ស្មើនឹង​ជិត ៥៩​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ក្រៅពី​ចំណត​នាវា​ឫស្សីកែវ ដើម្បី​បម្រើ​ការងារ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​សាងសង់​ចំណត​នាវា​ចំនួន​៤​ផ្សេង​ទៀត​រួមមាន​៖ ចំណត​នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារអំពៅ និង ចំណត​នាវា​តាខ្មៅ​។ ទីតាំង​ចំណត​នាវា​ដឹក​អ្នកដំណើរ​នីមួយៗ មាន​ភ្ជាប់​ជាមួយ​ស្ថានីយ៍​រថយន្តក្រុង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការប្តូរ ឬ​ត​ភ្ជាប់​គ្នា​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវថ្នល់​/​ផ្លូវគោក​។ ចំណត​នាវា​ដឹក​អ្នកដំណើ​រទាំង​០៥​កន្លែង​ខាងលើ ត្រូវ​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ៦,០២៩,៤១៣,០០០​រៀល ស្មើនឹង​ជាង ១.៥​លាន​ដុល្លារ​អាមេរិក​។​

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាផ្លូវដែក ​កំណាត់​ផ្លូវ​ដែក​ចាប់ពី​ប៉ោយ​ប៉ែត រហូត​ដល់​រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្តារ និង​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។ ការស្តារ​ឡើង​វិញ​កំណាត់​ផ្លូវ​ដែក​ពី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៩៦.៦​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ទឹកប្រាក់​ប្រមាណ ១៣​លាន​ដុល្លារ​ជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ហើយ​ក្រៅពី​នោះ​ទឹកប្រាក់ ៨៣.៦​លាន​ដុល្លារ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​ ។

គួរបញ្ជាក់ថា កំណាត់​ផ្លូវ​ដែក​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ចាប់​ពី​រាជធានី​ភ្នំពេញ រហូត​ដល់​ក្រុង​ប៉ោយ​ប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) ដែល​ត្រូវ​ជូន​ជា​កាដូ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មិន​គិត​ប្រាក់​រហូតដល់​ដំណាច់​ឆ្នាំ​ដែរ​នោះ មាន​ប្រវែង​សរុប​៣៨៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើង​អំឡុង​ឆ្នាំ​១៩២៩ ដល់​១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង​។ តែ​ផ្លូវដែក​នេះ ត្រូវបាន​អាក់ខាន​ប្រើប្រាស់ ក្នុងពេល​កម្ពុជា​ជួប​ភ្លើងសង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០​​ ៕

 

hsboat hsboat4 hsboat2 hsboat3 hsboat6 hsboat5

Filed in: ព័ត៌មានជាតិ