គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

អ្នក​កាសែត​ពីរ​នាក់​នៅ​ខេត្ត​ក្រចេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ចោទ​ពី​បទ​កំហែង​ទារ​ប្រាក់

អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ចាប់​បញ្ជូន​មក​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​២១ តុលា ទាក់ទង​នឹង​ការ​កំហែង​ទារ​ប្រាក់ ។​ សមត្ថកិច្ច​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​នេះ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ប៉ុន្តែ​ខាង​ចាងហ្វាង​កាសែត​ទាំង​ពីរ​វិញ​អះអាង​ថា គឺ​ជា​ការ​ប្រឌិត​រឿង​ដើម្បី​ចាប់​ភ្នាក់ងារ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​បញ្ជូន​ខ្លួន​អ្នក​កាសែត​ពីរ​នាក់​មក​សាលា​ដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២១ តុលា ក្រោយ​ពី​អាជ្ញាធរ​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ តុលា ដោយសារ​ទៅ​កំហែង​ទារ​ប្រាក់​ប្រមាណ ៤០​ម៉ឺន​រៀល​ពី​ប្រជាពលរដ្ឋ ដែល​ដឹក​ឈើ​សម្រាប់​យក​មក​ធ្វើ​ផ្ទះ នៅ​ឃុំ​ជ្រោយបន្ទាយ។

អ្នក​កាសែត​ទាំង​ពីរ​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នោះ គឺ​លោក ញ៉េត ចាន់ដារី ភ្នាក់ងារ​ឱ្យ​សារព័ត៌មាន​ជាតិ និង​លោក ញឹក ពិសី ហៅ ខេមរា ភ្នាក់ងារ​ឱ្យ​សារព័ត៌មាន​ឥទ្ធិពល​ខ្មែរ។ អ្នក​ទាំង​ពីរ​នាក់ ត្រូវ​ចាប់​ខ្លួន​ខណៈ​ដែល​អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅ​ថត​សកម្មភាព​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​ក្នុង​ឃុំ​ជ្រោយបន្ទាយ ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ។

អធិការ​ស្រុក​ព្រែកប្រសប់ លោក ម៉ែន ប៊ុនធឿន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​សាកសួរ​ដើម្បី​ប្រមូល​ឯកសារ​កសាង​សំណុំ​រឿង​តាម​នីតិវិធី ចំពោះ​ការ​កំហែង​ទារ​ប្រាក់​ពី​ពលរដ្ឋ ដែល​មាន​ខាង​តុលាការ​បញ្ជា​ដើម្បី​ឱ្យ​ចាត់​ការ​រឿង​នេះ។ លោក​បន្ត​ថា នៅ​ពេល​ចុះ​សាកសួរ​ព័ត៌មាន​នេះ ពិត​ជា​មាន​ករណី​ដូច​ពលរដ្ឋ​ថា​មែន៖ «ជា​ប្រជាពលរដ្ឋ​ដែល​គេ​មាន​ឈើ​យក​មក​សង់​ផ្ទះ គេ​ដាក់​នៅ​នឹង​ក្រោយ​ផ្ទះ។ អេ! ឈ្មួញៗ​ខ្ញុំ​អត់​ដឹង​ដែរ​ទេ ឈ្មួញ​មិន​ឈ្មួញ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន​ឯង​ទៅ»។

លោក​បន្ថែម​ថា កន្លង​មក​លោក​ធ្លាប់​ដឹង​ថា មាន​អ្នក​កាសែត​ខ្លះ​យក​ប្រាក់​គេ​មែន ប៉ុន្តែ​មិន​មាន​ការ​ប្ដឹង​ផ្តល់​គ្នា​នោះ​ទេ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ចាងហ្វាង​កាសែត​ឥទ្ធិពល​ខ្មែរ គឺ​លោក សរ សុជាតិ មាន​ប្រសាសន៍​ថា ករណី​ចាប់​ភ្នាក់ងារ​របស់​លោក រួម​និង​អ្នក​សារព័ត៌មាន​ម្នាក់​ទៀត​នោះ គឺ​ជា​ការ​ប្រឌិត​រឿង​ដើម្បី​ចាប់​ខ្លួន​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះ​ពី​សំណាក់​លោក​អធិការ​ស្រុក​ព្រែកប្រសប់ និង​ឈ្មួញ​ឈើ​តែ​ប៉ុណ្ណោះ។ លោក​ថា អធិការ​ស្រុក​រូប​នោះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ឈើ​នោះ​ទៀត​ផង៖ «តើ​មន្ត្រី​ដែល​សូកប៉ាន់​ពុក​រលួយ​ខូច​ហ្នឹង តើ​គេ​គួរ​ចាប់ ឬ​មាន​វិធានការ​ចាប់ ឬ​អត់? ពីព្រោះ​តាម​ច្បាប់ អ្នក​សូកប៉ាន់​ហ្នឹង​គួរ​តែ​ចាប់​ទាំង​ពីរ ដើម្បី​កសាង​សំណុំ​រឿង​ដើម្បី​សាកសួរ​ហេតុផល​សិន តើ​នរណា​ពុក​រលួយ? នរណា​ខូច​ពិត​ប្រាកដ មិន​មែន​ទម្លាក់​កំហុស​មក​លើ​តែ​អ្នក​កាសែត​តែ​ម្ខាង​ទេ។ អ្នក​កាសែត​ភាគ​ច្រើនៗ​នៅ​ប្រទេស​កម្ពុជា គឺ​តែង​ចាញ់​បោក ព្រោះ​តែ​ភាព​ក្រីក្រ ដោយសារ​ភាព​អត់​ឃ្លាន​ទៅ​ទាមទារ​ឱ្យ​ចាញ់​បោក​ល្បិចកល​គេ​បោកប្រាស់ ហើយ​ចាប់​តែ​ម្តង ដោយ​ដោះ​ដូរ​នឹង​លុយ​មួយ​រយ​ពីរ​រយ»។

លោក​បន្ថែម​ថា នឹង​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជុំវិញ​បញ្ហា​នេះ រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ពិសេស​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ឱ្យ​អន្តរាគមន៍​ដោយ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់។

ចំណែក​ចាងហ្វាង​សារព័ត៌មាន​ជាតិ​វិញ គឺ​លោក ម៉ា ណារិន ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ ហើយ​លោក​ថែម​ទាំង​ថា មន្ត្រី​សមត្ថកិច្ច​នៅ​ស្រុក​ព្រែកប្រសប់ ចោទ​អ្នក​ទាំង​ពីរ​ថា​បាន​កំហែង​ទារ​ប្រាក់​នោះ ប៉ុន្តែ​ជាក់ស្តែង​មិន​ឃើញ​ប្រាក់​នៅ​ជាប់​ខ្លួន​អ្នក​កាសែត​ទាំង​ពីរ​រូប​នោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បញ្ជាក់​ថា នៅ​ពេល​អធិការ​ស្រុក​ចាប់​ខ្លួន​ភ្នាក់ងារ​របស់​លោក គឺ​មាន​ការ​គំរាម​ទារ​ប្រាក់​ចំនួន ១.៣០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​វិញ។ យ៉ាង​ណា លោក​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជុំវិញ​បញ្ហា​នេះ​ដែរ​៕
សហភាតរៈ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សិទ្ធិមនុស្ស