ខេត្តរតនគិរី ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះបង្ក្រាបរថយន្តឡង់គ្រីស័រដឹកឈើប្រណិតខុសច្បាប់ ដែលបំរុងឆ្លងទៅប្រទេសវៀតណាមបានចំនួន១គ្រឿង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤លើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុច ភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។
សមត្ថកិច្ចប៉ូលិសសេដ្ឋកិច្ចបានបញ្ជាក់អោយដឹងថា ដោយមានសេចក្តីរាយការណ៍សំងាត់ថាមានរថយន្តឡង់គ្រីស័រមួយគ្រឿងពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2E-2709 ផ្ទុកដោយឈើប្រណិតមួយ រថយន្តពេញ ចេញពីក្នុងព្រៃទើបសមត្ថកិច្ចដឹកនាំដោយ លោក សូយ សំណាង អនុប្រធានការិយាល័យសេដ្ឋកិច្ចខេត្ត ពួនស្ទាក់ចាប់បាន លើកំណាត់ផ្លូវជាតិលេខ ៧៨A នេះតែម្តង ចំណែកតៃកុងចុះរត់បាតជើងសព្រោតបាត់ស្រមោល ។
ហើយសមត្ថកិច្ចក៏បានរឹបអូសទាំងរថយន្ត និងឈើប្រណិតយកមកស្នងការ ដើម្បីធ្វើការវាស់វែងឈើទាំងនោះមានចំនួន១,៣៤៨ ម៉ែត្រគូប ស្មើនឹង៣៥ដុំ ហើយប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមផ្លូវច្បាប់ ។
សកម្មភាពបង្ក្រាបនេះ គឺជាទង្វើដ៏ត្រឹមត្រូវ និងគួរកោតសរសើរ របស់សមត្ថកិច្ច ដែលសមជាគំរូ បញ្ជាក់ពីការខិតខំក្នុងតួនាទី បង្ក្រាបបទល្មើស ។
មជ្ឈដ្ឋានទូទៅបានអបអរសាទរ នឹងការបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសព្រៃឈើ ដែលកំពុងតែកើតមានយ៉ាងគគ្រឹកគ្រេង ប៉ុន្តែគេក៏បានលើកឡើងផងដែរថា សកម្មភាពបង្ក្រាបបទល្មើស គួរតែអនុវត្តជាទូទៅ និងដូចភ្លៀងរលឹម កុំធ្វើបានតែមួយប្រាវ ដូចភ្លើងចំបើង ហើយក្រោយមក ក៏បាត់ឈឹង របៀបដូចត្រូវថ្នាំសណ្តំពីក្រុមឈ្មួញទៅបានហើយ ៕