គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

RFA: អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ខាង​សិទ្ធិ​សេរីភាព​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​៥

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម លោក ម៉េណា គីអេ (Maina Kiai) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ម៉េណា គីអេ នឹង​ជួប​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ការងារ សហជីព និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា។ សេចក្តី​ប្រកាស​មិន​បាន​បញ្ជាក់​ថា អ្នក​រាយការណ៍​ពិសេស​ជនជាតិ​កេនយ៉ា (Kenya) រូប​នេះ នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល ឬ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ដំណើរ​ទស្សនកិច្ច​របស់ លោក គីអេ នឹង​ធ្វើ​ឡើង​ប្រមាណ ៣​សប្តាហ៍ បន្ទាប់​ពី​បេសកកម្ម​ស្វែង​រក​ការ​ពិត​មក​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi)។ ទស្សនកិច្ច​នេះ ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ប្រជុំ​គ្នា ដើម្បី​សម្ដែង​ការ​តវ៉ា ឬ​ធ្វើ​បាតុកម្ម និង​បន្ទាប់​ពី​មាន​ការ​វាយ​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ សកម្មជន​សហជីព និង​សិទ្ធិ​មនុស្ស ជា​បន្តបន្ទាប់ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក គីអេ បាន​កត់​សម្គាល់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ទំហំ​នៃ​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​បន្ត​កើត​ឡើង​គួរ​ជា​ទី​កត់​សម្គាល់។ លោក​ថា នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​សារសំខាន់​នៃ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី ហើយ​លោក​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment