គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

លោក ប៉ា សុជាតិ​វង្ស ព្រមាន​ដល់​​ប្រធាន​ផ្សារ​ដែល​​សម្តែង​ឫក ស្ដេច​ត្រាញ់ ជាបង​ធំ​​ប្រចាំ​ផ្សារ

ភ្នំពេញ៖  ក្រុមអាជីវករ​បាន​និយាយថា​នៅ​ក្នុង​ចំណោម​ប្រធាន​ផ្សារ​ទាំងអស់ នៅរាជ​ធានី​ភ្នំពេញ​សព្វថ្ងៃ​នេះ មាន​តែ​ប្រធាន​​ផ្សារ​​អូឡាំពិក, ផ្សារអូរឬស្សី, ផ្សារ​បឹង​កេងកង និងផ្សារច្បារអំពៅ ប៉ុណ្ណោះដែលនៅគ្រប់គ្រងផ្សារ បានយូរដុះស្លែជាច្រើនឆ្នាំ​មក​ហើយ ដោយគ្មានការផ្លាស់ប្ដូរ ធ្វើឲ្យពួកគាត់ ស្ទើរតែក្លាយទៅជា ស្ដេចត្រាញ់ផ្សារទៅហើយៗ ពួកគាត់បានប្រមូល​លុយ​កាក់ យកទៅធ្វើមានបានផ្ទាល់ខ្លួន ដែលឧកញ៉ាល្មមៗ មិនអាចប្រៀបបានស្មើឡើយ ។

លោកអភិបាល ប៉ា សុជាតិវង្ស បានបញ្ជាក់ថា កន្លងមកអ្នកគ្រប់គ្រងផ្សារទាំងអស់ បានបញ្ចេញនូវអាកប្បកិរិយាមិនល្អ ដែល​ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយប្រធានផ្សារខ្លះ បានធ្វើជាស្ដេចត្រាញ់ ជាបងធំ​ប្រចាំផ្សារទៅហើយ ។ យើងពិតជាធ្លាប់បានឮថា កន្លងមកប្រធានផ្សារមួយចំនួន បានបង្កើតតូបបន្ថែមយកលុយគេ បង្កើតតូប​នៅលើដងផ្លូវសាធារណៈ និងដើរទាត់កញ្ច្រែងគេយកលុយ ជាដើម ។​ មានផ្សារមួយចំនួន កុំថាឡើយដល់ទៅ ធ្វើដំណើរ​ដោយម៉ូតូ សូម្បីតែដើរក៍ដើរស្ទើរតែមិនរួចដែរ… រឿងនេះជារឿងដែលមន្ត្រីរបស់យើង ត្រូវតែកែទម្រង់ឡើងវិញ ហើយសាលា​រាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបុគ្គលិករបស់រដ្ឋ បង្កនូវបាតុភាពមិនល្អ បែបនេះតទៅទៀតទេ ។

លោកអភិបាលបានបញ្ជាក់ថា បើយើងយកប្លង់ផ្សារទាំងនោះ មកពិនិត្យជាក់ស្ដែង និងធ្វើទៅតាមច្បាប់នោះ ប្រធានផ្សារមួយ​ចំនួន អាចត្រូវប្រឈមនឹង ការជាប់ទោសហើយ ។ មានផ្សារខ្លះបើកប្រាក់ខែឲ្យបុគ្គលិក មិនបានគ្រប់ចំនួនផង… លើបញ្ហានេះ​សាលារាជធានីភ្នំពេញ នឹងបង្កើតឡើងនូវ ក្រុមការងារត្រួតពិនិត្យមួយ លើប្រាក់ចំណូល-ចំណាយនេះ គ្រប់ប្រាក់ខែបុគ្គលិក សន្តិសុខផ្សារ គឺខាងផ្សារជាអ្នករ៉ាប់រង បើរ៉ាប់រងមិនបានទេ ត្រូវតែមានហេតុផលច្បាស់លាស់ និងបើប្រធានផ្សារទាំងនោះ មិន​មានសមត្ថភាព ក្នុងការគ្រប់គ្រងទេ សាលារាជធានីភ្នំពេញ នឹងរកអ្នកមានសមត្ថភាពជំនួសវិញ… ប្រធានផ្សារត្រូវតែចេះដឹង មិនចាញ់ចៅសង្កាត់នោះទេ តែមានប្រធានផ្សារខ្លះ ចង់ឲ្យមកកាន់តំណែង ជាអភិបាលរងខណ្ឌ បែរជាប្រធានផ្សារទាំងនោះ មិនចង់មកធ្វើទេ ។

ពាក់ព័ន្ធ​នឹងការបណ្ដោយឲ្យមនុស្សដដែលៗ នៅ​កាន់កាប់ក្ដោបក្ដាប់ តំណែងជាប្រធានផ្សារ ពីមួយអណត្តិទីមួយអណត្តិ ប្រៀប​​ដូច​ជាកម្មសិទ្ធិ ផ្ដាច់មុខតែឯងបែបនេះ បាននិង​កំពុងធ្វើឲ្យផ្សារទាំងនោះ កើតមានភាពអនាធិបតេយ្យ កាន់តែច្រើនឡើងៗ ក្នុងការដឹកនាំគ្រប់គ្រងរបស់ពួកគេ… ដែលបញ្ហានេះដើម្បីឲ្យ ការប្រកាសព្រមានរបស់លោក ប៉ា សុជាតិវង្ស អាចនឹងមាន​ប្រសិទ្ធ​ភាពពិតប្រាកដនោះ លុះត្រាតែលោក ប៉ា សុជាតិវង្ស ត្រូវដកហូតមុខតំណែង ប្រធានផ្សារអូឡាំពិក, ផ្សារអូរឬស្សី, ផ្សារ​បឹងកេងកង និងផ្សារច្បារអំពៅ ព្រមទាំងប្រធានផ្សារដើមគរមុនគេបង្អស់ដើម្បី ទុកជាការព្រមាន ចំពោះប្រធានផ្សារផ្សេងៗទៀត ឲ្យត្រូវតែកែខ្លួនឡើងវិញជាបន្ទាន់ ។

លោក ប៉ា សុជាតិវង្ស បានព្រមានដកតំណែងប្រធានផ្សារណា ដែលមិនកែទម្រង់ខ្លួនរួចមក បងប្អូក្រុមអាជីវករភាគច្រើន​បាន​នាំគ្នានិយាយថាពួកគាត់សូម គាំទ្រទាំងស្រុង ចំពោះការប្រកាសប្ដេជ្ញារបស់ លោកអភិបារាជធានីភ្នំពេញ ត្រូវតែធ្វើឲ្យបាន​ដួច​មាត់​ បើធ្វើអត់បានទេលោក ប៉ា សុជាតិវង្ស ត្រូវតែ លាលែងពីមុខតំណែង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​តាមដានសង្គម, ព័ត៌មានថ្មី

Leave a Reply

Submit Comment