ខេត្តបាត់ដំបង ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ជិត៥ទៀបភ្លឺ ស្ថិតនៅតាម ផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅនឹងកន្លែង កាលពីវេលាម៉ោង ខណៈលោក និងអ្នកបើករថយន្តកំពុងធ្វើ ដំណើរមករាជធានីភ្នំពេញ ដើម្បីបំពេញការងារ ។
លោក ទ្រី ណារិន ជួបគ្រោះថ្នាក់នេះ ពេលលោក ធ្វើដំណើរ ពីបន្ទាយ មានជ័យ ឆ្ពោះមក ភ្នំពេញ។
នៅក្នុងរថយន្ត មានអ្នកជិះតែពីរនាក់ទេ គឺលោកទ្រី ណារិន និងអ្នកបើកបរម្នាក់។អ្នកបើកបររងរបួសស្រាល ដោយសារតែ ក្នុង គ្រោះថ្នាក់គឺបុកខ្លាំងនៅផ្នែកខាងស្តាំដែលលោក អភិបាលខេត្តជិះ ។ លោកជិះនៅខាងមុខទន្ទឹមនឹងអ្នកបើកបរ ។ ពេលរងគ្រោះ ភ្លាម លោក ត្រូវបាន គេយក ទៅ កាន់មន្ទីរពេទ្យខេត្តបាត់ដំបង។
មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ បានប្រាប់ឲ្យថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ លោក ទ្រី ណារិន រួមជាមួយអ្នកបើក រថយន្តរបស់លោក បានធ្វើដំណើរចេញពី ខេត្តបន្ទាយមានជ័យ ទៅរាជធានីភ្នំពេញ ដើម្បីបំពេញការងារ លុះធ្វើដំណើរដល់ ស្រុកមោងឫស្សី ក្នុងភូមិមោងឫស្សី ស្រាប់តែជួប គ្រោះថ្នាក់ចរាចរណ៍ បុករថយន្តធំពី ក្រោយ។
បើតាមលោក ប៉ោ វណ្ណៈ មុនពេលកើតហេតុ អ្នកបើកបរ បានប្រជែងរថយន្តធំ មួយគ្រឿង ដែលមិនស្គាល់ម៉ាកច្បាស់តែប្រជែង មិនផុត ដោយចាំងភ្លើង មកពីខាងមុខ រួចហើយបានកាច់ចង្កូត ចូលមកវិញ បណ្តាលឲ្យបុក រថយន្តធំពីក្រោយ ធ្វើឲ្យលោក ទ្រី ណារិន ស្លាប់ភ្លាមៗ តែម្តង ខណៈអ្នកបើករថយន្ត របស់លោក បានរួចផុតពីគ្រោះថ្នាក់ ចរាចរណ៍នេះ។ ក្រោយកើតហេតុ រថយន្តធំ បានបើកទៅបាត់ ខណៈរថយន្តរបស់លោកអភិបាលខេត្ត ទ្រី ណារិន រងនូវការខូតខាតស្ទើតែ ទាំងស្រុង។ បច្ចុប្បន្ន សពលោក ទ្រី ណារិន ត្រូវបានសមត្ថកិច្ចរៀបចំចាត់ចែងប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី តំកល់នៅខេត្តបន្ទាយមានជ័យ ។
នេះជាអភិបាល ខេត្តទីពីរ ហើយ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរ។ អភិបាលខេត្តទីមួយគឺលោក ខាំ ភឿន នៃខេត្តក្រចេះ ដែលបានស្លាប់កាលពី ឆ្នាំមុន ៕