គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ឆ្នាំនេះ រាជធានី​ភ្នំពេញ មាន​សិស្ស​ពូកែ​ជាង ៣​ពាន់​នាក់​, អាជ្ញាធរ​ផ្តល់​រង្វាន់​ជូន​សិស្ស​ប្រឡង​ជាប់​និន្ទេស A ១៤១​នាក់ ក្នុង​ម្នាក់ៗ ២​លាន​រៀល​

(​ភ្នំពេញ​)៖ ឆ្នាំ​២០១៩​នេះ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​សិស្ស​ពូកែ​ទាំង​ពីរ​ភេទ​សរុប​ជាង ៣​ពាន់​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​ទី​៩ ដល់​ថ្នាក់​ទី​១២ ត្រូវបាន​អាជ្ញាធរ​រាជធានី លើកទឹកចិត្ត​និង ផ្តល់​រង្វាន់​ជូន ជាមួយនឹង​ការប្រគល់​រង្វាន់ ជូន​សិស្ស​ប្រឡង​ជាប់​និន្ទេស A ចំនួន​១៤១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២​លាន​រៀល ខណៈ​ដែល​វិស័យ​អប់រំ ធ្វើ​កំណែ​ទំរង់​ចំរាញ់​យក​គុណភាព​។​

​ក្នុង​ពិធី​បើក​បវេសនកាល និង​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​វិទ្យាល័យ ជាស៊ីម​សន្ធ​ម៉ុក នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ការផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​នេះ គឺជា​ការលើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស កាន់តែ​ខិតខំ​រៀនសូត្រ​កាន់តែ​ពូកែ ដែល​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់ សម្រាប់​កិច្ច​អភិវឌ្ឍន៍​ជាតិ​។​

​លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រ​គុណភាព ដើម្បី​សម្រិត​សម្រាំង​រក​ធនធាន​មនុស្ស​ពិត ចំណេះវិជ្ជា​ពិត និង​ការងារ​ពិត ដើម្បី​អាច​ឆ្លើយតប បាន​ទៅ​ជាមួយ​និង​តម្រូវ​ការអភិវឌ្ឍ​នៃ​សង្គម ដូច្នេះ​សិស្សានុសិស្ស​ត្រូវតែ​បន្ដ​ការយកចិត្តទុកដាក់​រៀនសូត្រ ឲ្យបាន​ជាប់​ជាប្រចាំ​។​

​លោក​ថា សិស្សានុសិស្ស​ដែល​ទទួលបាន​ជ័យលាភី ត្រូវតែ​យល់​ឲ្យ​ច្បាស់​ថា ចំណេះដឹង គឺជា​ទ្រព្យ​ដ៏​សំខាន់​នៅក្នុង​ជីវិត​មនុស្ស មាន​អនាគត​ល្អ ហើយ​ចំណេះ​នេះ​ហើយ​ដែល​ចាយ​មិន​អស់ ចោរលួច​មិនបាន ដែល​ក្មួយៗ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់ ខណៈ​សម្តេច​តេ​ជោបាន​គាំទ្រ សព្វបែបយ៉ាង​ទាំង​សម្ភារ​មធ្យោបាយ​ស្មារតី ជូន​ដល់​សិស្សានុសិស្ស ដូច្នេះ​ក្មួយៗ​ត្រូវតែ​ប្រឹងប្រែង​បន្ថែមទៀត​។​

​លោក ហែម ស៊ីណា​រ៉េ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ឆ្នាំ​សិក្សា​២០១៨-២០១៩​កន្លងទៅនេះ រាជធានី​ភ្នំពេញ​មាន​សិស្ស​ពូកែ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៣ ពី​ថ្នាក់​៩ ដល់​ថ្នាក់​ទី​១២ តាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ មាន​ចំនួន​៣,៦០៩​នាក់ សិស្សស្រី​២,៤១១​នាក់​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា លទ្ធផល​ដែល​សិស្ស​ទទួលបាន​នា​ពេល​នេះ គឺ​សិស្សានុសិស្ស​ខ្លួនឯង​ផ្ទាល់ បាន​ព្យាយាម​រៀនសូត្រ​ក្នុង​នាម​ជា​កូន​ល្អ សិស្ស​ល្អ​ហើយ លោកគ្រូ អ្នកគ្រូ បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការបង្រៀន​។​

​លោក​បាន​បញ្ជាក់ទៀតថា ការប្រកួតប្រជែង​សម្រាប់​សិស្ស​ពូកែ​ជា​រៀងរាល់​ឆ្នាំ​នេះ គឺ​បាន​ធ្វើឡើង​ស្របតាម​អនុសាសន៍​របស់ ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​បើក​ឲ្យមាន​ការប្រកួតប្រជែង រហូត​ចេញ​ទៅ​ប្រឡង​នៅ​ថ្នាក់​តំបន់ និង​នៅលើ​ពិភពលោក​ទៀតផង​។​

​លោក​បាន​បន្ថែមថា ផ្តើមចេញ​ពី​ការលើកឡើង​នូវ​អនុសាសន៍​បែបនេះ ពិតជា​មាន​ប្រសិទ្ធិភាព ដើម្បី​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​យក​ស្នាដៃ ព្រោះថា នេះ​ជា​កម្លាំងចលករ​លើកទឹកចិត្ត ដើម្បី​បំផុសស្មារតី ដល់​គណនាយក​សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ក៏ដូចជា​មាតា បិតា​អ​ណា​ព្យាបាល បាន​យល់ដឹង​រួម​គ្នា​យកចិត្តទុកដាក់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ មាន​សិស្ស​ប្រលង​ជាប់​និន្ទេស A ចំនួន​១៤១​នាក់ ដោយ​សិស្ស​ម្នាក់ៗ​ទទួលបាន​ថវិកា ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំនួន​២​លាន​រៀល តាមរយៈ​សាលា​រាជធានី​ភ្នំពេញ នៅក្នុង​ពិធី​បើក​បវេសនកាល និង ចែក​រង្វាន់​ដល់​សិស្ស​ពូកែ​រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ​ផង​ដែរ​៕ (រ៉េត)

 

 

r191102f1 r191102f2 r191102f5 r191102f9a r191102f9b r191102f9c r191102f9d

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment