គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THAILAND

នៅ​រសៀល​ថ្ងៃ​អង្គា៍រ ១០​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​Markus Lorenzini អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THAILAND ។​

​ក្នុងជំនួប​នោះ Markus Lorenzini បាន​គោរព​ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា ក្រុមហ៊ុន SIEMENT LIMITED មាន​ការិយាល័យ​ប្រចាំការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ក្រុមហ៊ុន​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ​មកហើយ​។ លោក Markus Lorenzini ក៏​បាន​អរគុណ​ចំពោះ​សម្ដេច​ដែល​បាន​អនុញ្ញាត​អោយ​លោក​បាន​ជួប​សំដែង​ការគួរសម​នាពេលនេះ​។ លោក​ធ្លាប់បាន​ជួប​សម្ដេច​កាលពី​ឆ្នាំ​២០១៧ ដែល​កាលនោះ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ។​លោក​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​របស់​គាត់​ពិត​ជា​មាន​ឆន្ទៈ និង​កិត្តិយស បាន​បន្ត​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កន្លង​ទៅនេះ ថ្វីដ្បិតតែ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ជាង​២០​ឆ្នាំ តែ​អ្វី​ដែល​គាត់​ឃើញជាក់ស្ដែង​គឺ​កម្ពុជា​មាន​ការរីកចម្រើន​ទៅលើ​ការអភិវឌ្ឍ​ច្រើន​ទៅលើ​សេដ្ឋកិច្ចសង្គម​។​

​លោក​បាន​បន្តថា ដែល​កន្លងមក​នេះ​លោក​បាន​ធ្វើ​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​រដ្ឋ​និង​វិស័យ​ឯកជន ហើយ​លោក​គិត​ថា​ប្រទេស​កម្ពុជា​នឹង​មាន​អនាគត​ដ៏​ត្រចះត្រចង់ ជាពិសេស​ក្នុង​ការ​បន្ត​ធ្វើការ​រួម​គ្នា​ដោយ​គាត់​គិត​ថា​កម្ពុជា​នឹង​មាន​ដំណើរ​ទៅមុខ នឹង​ក្លាយទៅជា​ប្រទេស​ក្នុង​លំដាប់​ឈានមុខ​ក្នុង​អាស៊ី​បូ​ព៌ា និង​នៅក្នុង​អាស៊ាន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​បាន​ស​ហ​ការ និង​ផ្ដល់​នូវ​ចិត្ត​យ៉ាង​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ជាពិសេស​បច្ចុប្បន្ន​មាន​ការពិភាក្សា​ជា​ច្រើន​លើ​វិស័យ​ថាមពល​តែម្ដង​។ លោក​បាន​ចាត់ទុកថា អ្វី​ដែល​សំខាន់​គឺ​ការ​បន្ត​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​អគ្គិសនី​មាន​ស្ថិរភាព និង​គ្រប់គ្រាន់​ដើម្បី​ជា​ការអូសទាញ​ការវិនិយោគ​ផ្សេងទៀត​។​
​សម្ដេច​តេជោ ហ៊ុន សែន ក៏​អរគុណ​ដល់​លោក Markus Lorenzini ជាពិសេស​ក្រុមហ៊ុន​របស់​លោក​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អរគុណ​ក្រុមហ៊ុន​នេះ ដែល​បាន​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​វិស័យ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​រ៉ែ និង​ថាមពល​។ សម្តេច​តេជោ​បាន​បន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​សហការ​ជាមួយ​អាល្លឺម៉ង់​ផង​ដែរ ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ជាពិសេស​សម្ដេច​ចង់​ឃើញ​ក្រុមហ៊ុន​របស់​លោក​បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​។ សម្តេច​បន្តថា កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះ កម្ពុជា​យើង ត្រូវតែ​បន្ត​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​ជា​បន្តបន្ទាប់​ទៀត​។ សម្តេច​តេជោក៏បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ ក៏​ប៉ុន្តែ​ក្រោយពី​ប្រទេស​យើង​ទទួលបាន​នូវ​សុខសន្តិភាព គឺ​យើង​បានចាប់ផ្ដើម​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​។​
​នៅពេល​នេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ប្រើប្រាស់​រហូត​ដល់​ទៅ​ជាង​៧៣% ឯណោះ​នៃ​អគ្គិសនី​ហើយ​៩២% នៃ​ជនបទ គឺ​មាន​អគ្គិសនី​ប្រើប្រាស់​។​
​សម្តេច​តេជោ បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ មានការ​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​ផ្សេងទៀត​ក្នុង​ការទិញ​ម៉ាស៊ីនភ្លើង​និង​ប្រភព​អគ្គិសនី​ជាដើម​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ថាមពល​នេះ ហើយ​មិន​ត្រឹមតែ​អគ្គីសនី​ទេ​ជាពិសេស​ទៅលើ​គម្រោង​ថាមពល​នៃ​បរិស្ថាន​ផងដែរ​តាមរយៈ​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​។​សម្តេច​តេជោក៏បាន​គាំទ្រ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​ក្រុមហ៊ុន​នេះ​ជា​បន្ត​ទៀត​ជាពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ទៅ​លើ​វិស័យ​នេះ​។​

​លោក Markus Lorenzini ក៏​បាន​គូសបញ្ជាក់ថា​ក្រុមហ៊ុន​របស់​លោក​មាន​ឆន្ទៈ​ក្នុង​ការបន្ត​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើ​យ៉ាងណាឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​ចូលរួម​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​៕

kb191010a3 kb191010a1 kb191010a2

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment