គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្ដេច ហ៊ុន សែន អញ្ជើញ​ជួប​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន​ និង​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​១០​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ​គណៈ​ប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស ចិន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ដល់​សមាជិក​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ព្រឹក​នេះ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍រៀ​បរាប់​អំពី​ទំនាក់ទំនង​ដែល​មាន​ជា​យូរលង់​ណាស់​មក​ហើយ​រវាង​កម្ពុ​ជា និង​ចិន ជាពិសេស​សម្ដេច​បាន​មានប្រសាសន៍​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការប្រកាន់​យក​នយោបាយ​ចិន​តែមួយ ដែល​គោលនយោបាយ​ចិន​តែមួយ​នេះ គឺ​កម្ពុជា​បានចាប់ផ្តើម​តាំងពី​សម័យ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្ដម សីហនុ មក​ម្លេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​គឺ​សហគ្រិន​ដែល​មកពី​ប្រទេស​ចិន​គឺ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ចិន​សុទ្ធតែ​អ្នកវិនិយោគ​សំខាន់ៗ ដែល​គាត់​មក​សិក្សា​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផង​ដែល​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​កន្លងមក​នេះ សម្ដេច​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ជាពិសេស​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លឺ ខឺ​ឈាង ឈាង នៅក្នុង​៣​ចំណុច​សំខាន់ ៖

​ទី​១) សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់ទុន​នៅ​កម្ពុជា​បន្ត វិនិយោគ​នៅ​កម្ពុជា ទោះបីជា​មាន​ការ​បញ្ហា​អ្វី​ក៏ដោយ ជាពិសេស​ការដក EBA ពី​កម្ពុជា​ក៏ដោយ គឺ​សម្ដេច​ស្នើសុំ​ឲ្យ​ចិន​នៅ​តែ​បន្ត​ធ្វើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​
​ទី​២) សម្ដេច​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណាឲ្យ​ពាណិជ្ជករ​អ្នកវិនិយោគចិន​ថ្មី​របស់​ចិន​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា គឺ​មានន័យ​ថា​ថែរក្សា​ចាស់​និង​បង្កើន​ការវិនិយោគ​ថ្មី​
​ទី​៣) សម្ដេច​តេជោ​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ត្រូវធ្វើ​យ៉ាងណា​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​ការនាំ​ចូល​ផលិតផល​កសិផល​របស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សា​ររបស់​ប្រទេស​ចិន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ប្រាប់​ពី​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​បាន​លុបចោល​នូវ online casino លើ​ប្រទេស​កម្ពុជា គឺ​សម្តេច​បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារសេរី ក៏ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​ទេ ប៉ុន្តែ​ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច ដូច្នេះ​គឺ​យើង​ធ្វើ​យ៉ាងណា​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ច្បាស់លាស់ តែ​មក​វិនិយោគ​ទៅលើ​វិស័យ​ផ្សេងៗ​ទៀត មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​។ កម្ពុជា​បាន​ពន្ធ​តិចតួច​ណាស់​តាមរយៈ​កាស៊ីណូ​អន​ឡាញ​នេះហើយ​កាស៊ីណូ​អន​ឡាញ​នេះ ក៏​នាំ​មក​នូវ​ការ​ប្រឈម​ដូចជា ឧក្រិដ្ឋកម្ម កា​លាងលុយកខ្វក់​ជាដើម ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សង្គម​។​

​សម្ដេច​តេជោ​បានបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មាន​លក្ខណៈ​កើនឡើង​ជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​កើនឡើង​រហូត​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​។ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​យន្តការ​ដែល​កម្ពុជា​កំពុងតែ​សហការ​នឹង​ចិន​ទៅលើ​ចំណុច​សំខាន់ៗ ដូចជា​នៅក្នុង​អនុតំបន់ គឺ​កិច្ចសហប្រតិបត្តិការ​លើ​មេគង្គ​ឡាន​ឆាង ក្នុង​អនុតំបន់​មេគង្គ​អាស៊ាន​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម​។​

​បច្ចុប្បន្ននេះ យើង​នៅ​មាន​សក្កដានុពល​ជាច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដោយសារ​កន្លងមកនេះ​យើង​មាន​រួច​ទៅ​ហើយ​នៅ​តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន និង​ចិន​អាស៊ាន តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន ចិន ដែល​យើង​គួរតែ​មើល​នៅ​សក្តានុពល​ដែល​អាច​នាំ​ចេញ​ផលិតផល​កម្ពុជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​។

ក្នុង​កិច្ចពិភាក្សា​នេះ សម្តេច​តេ​ជោបាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​មក​វិនិយោគ មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​កុំ​មាន​ការភ័យព្រួយ​ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យសោះ ដោយសារ​តែ​ចិន និង​កម្ពុជា​យើង​មាន​ទំនាក់ទំនង​ល្អ មាន​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៅហើយ​៕

r191009a3 r191009a4 r191009a1 r191009a2

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment