គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

ផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ពលរដ្ឋ ១៥៣​គ្រួសារ​ជំហាន​ទី​១ បងប្អូន​ដែល​កំពុង​រស់នៅ ក្បែរ​ប្រឡាយ​មេ អភិវឌ្ឍន៍​ស្ទឹងមានជ័យ ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​សរុប ៥៦២​គ្រួសារ​

​ភ្នំពេញ​៖ ដូច​អ្វី​ដែល​ជាក្តី​សុបិន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ប្រឡាយ​ស្ទឹងមានជ័យ មកដល់ពេលនេះ​បាន​ក្លាយជា​ការពិត​១០០​ភាគរយ​ហើយ នោះ​គឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​មិន​រៀបរយ​នេះ​ចំនួន​១៥៣​គ្រួសារ បាន​ទទួល​ប្លង់ដី​កម្មសិទ្ធិ​ជិត​មាត់​ប្រឡាយ​ស្របច្បាប់ ក្នុង ចំណោម ប្រជាព​រដ្ឋ ៤៥០ គ្រួសារ​ទៀត ដែល​នឹង​ត្រូវ​ប្រគល់ជូន​ជា​បន្តបន្ទាប់​ទៀត​។​

​ពិធី​ប្រគល់​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​សៅរ៏​៦​កើត​ខែ បុស្ស ឆ្នាំច​សំរិទ្ធ​ស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១២ មករា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​ស្ទឹងមានជ័យ ក្រោម​អធិបតី ភាព លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​មានជ័យ​និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​ផង​ដែរ​។​

​លោក​ឃួង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​តែង​គិតគូរ​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ មិន​ថា​រស់នៅ​តំបន់​ណា​ក៏​ដោយ​។ ជាក់ស្តែង​សម្រាប់​ពេលនេះ គឺ​យើង​ពិតជា​បាន​ឃើញជាក់ស្តែង​តាមរយៈ​ការប្រគល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ប្រឡាយ​ស្ទឹង​មានជ័យ​នេះ​។​

​លោក​ឃួង ស្រេង បាន​ផ្តាំផ្ញើរ ទាំង​អាជ្ញាធរ​និង​អាជ្ញាធរ​ត្រូវ​នៅ​ជាមួយគ្នា​ទៅវិញទៅមក មានន័យ​ថា ប្រជាពលរដ្ឋ​ចង់បាន​អី​យើង​ត្រូវ​ជួយ​ពួក​គាត់ ហើយ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​វិញ​ដែរ ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍​និង​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជាដើម​។​

​លោក​ឃួង ស្រេង​បន្តថា តំបន់​នេះ​ពីមុន​ចង្អៀត​រក​ផ្លូវ ឬ​ច្រកចូល​ផ្ទះ​សឹងតែ​មិន​បាន​ផង​តែ​ពេល​នេះ​មាន​ផ្លូវ មាន​ភ្លើងអគ្គិសនី មាន​ទឹកស្អាត​ប្រើប្រាស់ ហើយ​ពិសេស​ថែម​ទៀត​នោះ ប្រជាពលរដ្ឋ​ក្រោយពី​រាជរដ្ឋាភិបាល​ប្រទានកម្ម​ដី​មាត់​ប្រឡាយ​ជា​កម្មសិទ្ធិ ប្រជាពលរដ្ឋ​បាន​សាងសង់​ផ្ទះ​ជា​ច្រើន​ជាន់ ។ ដែល​នេះ​ពិតជា​បាន​បង្ហាញ​អោយឃើញ​ពី​ការរស់នៅ​ប្រកប​ដោយ​ផាសុខភាព ដែល​ខុស​ពី​ការរស់នៅ​ពី​ពេល​មុខ​ឆ្ងាយ​ដូច​មេឃ​និង​ដី ។ ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការងារ​នេះ​ទៅ​កន្លែង​ផ្សេង​ទៀត​។​

​លោក​បាន​បន្តទៀតថា​៖ ការប្រទាន​កម្មនេះ គឺ​ធ្វើឡើង​ក្រោយ​ពី​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​សិក្សា​ទៅ​មើលឃើញថា យើង​អាច​ស្ថាបនា​ប្រឡាយ​ថ្មី ហើយ​អាច​រំដោះ​ទឹក​បាន ទើប​យើង​ប្រទានកម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនេះ​។ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៥៣​គ្រួសារ បាន​រើ​អីវ៉ាន់​ពីក្រោម​ស្ពាន​មក​នៅ​លើ​ដី​កម្មសិទ្ធិ​ស្របច្បាប់​ហើយ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ជំហាន​ទី​២​ចូលមក​ស្នាក់​នៅ​បន្ត​ជា​តំណាក់កាលៗ រហូត​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ទាំងមូល​ត្រូវ​បាន​បញ្ចប់​។​

​គួរបញ្ជាក់​ថា នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​តំណាក់កាល ។ ក្នុងនោះ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​ជំហាន​ទី​១​នេះ រដ្ឋបាល​រាជធានី​បានសម្រេច​ចាប់ឆ្នោត​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ ប្រឡាយ​នេះ​១៥៣​គ្រួសារ​រួច​ហើយ​ដែរ កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ។ ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​ការអភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ ៕

r190113a1 r190113a2 r190113a3 r190113a5

Filed in: ព័ត៌មានថ្មី