គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​
ការិយាល័យព័ត៌មាន ៖ ០៩០ ៣៣៣ ២៣២​ / ០១៣​ ៣៣៣​ ៤៨៧ ៕

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្ត​កោះកុង​

ខេត្តកោះកុង ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅក្នុង​ខេត្ត​កោះកុង​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​អង្គទូត​, មន្ត្រី​រដ្ឋាភិបាល​, ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទេសចរណ៍​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផងដែរ​។

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ជុំ​ទី​ពីរ​នៅក្នុង​ខេត្តកោះកុង​ឆ្នាំនេះ នៅ​ល្ងាច​ថ្ងៃទី​ ១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» អម​ដោយ​ពាក្យស្លោក «​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​»​។

​មុន​នឹង​អញ្ជើញ​ធ្វើដំណើរ​មក​កាន់​វេទិកា​នៃ​ពិធី សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ទស្សនា​ស្តង់​ពិព័រណ៍​ផលិតផល​ជាច្រើន​ដែល​បាន​តាំង​បង្ហាញ​នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​សមុទ្រ​នេះ​ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​។

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ពិធី​បើក​បុណ្យ​សមុទ្រ​កាលពី​ល្ងាច​មិញ​នេះ ក៏​មាន​ការបង្ហាញ​ការដើរ​ព្យុះ​ហ​យាត្រា ដែល​បង្ហាញ​ពី​សមិទ្ធផល​តាម​ខេត្ត​ជាប់​នឹង​មាត់សមុទ្រ និង​បង្ហាញ​ពី​សកម្មភាព​ផ្សេងៗ​នៃ​ការអភិវឌ្ឍ​សង្គម ព្រមទាំង​មានការ​បង្ហាញជូន​ផងដែរ​ពី​ទម្រង់​សិល្បៈ​តាម​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន​។

​បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា​របស់ លោកជំទាវ​អភិបាល​ខេត្ត​កោះកុង , លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ រួចហើយនោះ សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​ដែលមាន​ខ្លឹមសារ​ថា សម្ដេច និង​ភរិយា​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​មក​ចូលរួម​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ល្ងាច​មិញ​នេះ​។ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ បាន​ក្លាយជា​យន្តកា​រណ៍​ជាក់លាក់​មួយ​របស់​ប្រទេស​កម្ពុជា​មួយ​ក្នុងការ​ពង្រឹងគុណភាព​ឧស្សាហកម្ម​ទេសចរណ៍ ជំរុញ​ការបង្កើត និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកប ដោយ​ភាព​ច្នៃប្រឌិត និង​ការទទួលខុសត្រូវ​ខ្ពស់​ឲ្យស្រប​ទៅ​នឹង​សក្តានុពល​ធនធាន​ធម្មជាតិ​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រះ​នា​ទិសនិរតី​» ។

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ដល់​អ្នក​ដែល​បាន​ចូលរួម​ទាំងអស់ ជាពិសេស​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់  ហើយ​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ដល់ លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​កម្ពុជា​ថ្ងៃនេះ​។ សម្តេច​តេជោ បាន​ស្វាគមន៍​ដល់​ថ្នាក់ដឹកនាំ​ដែល​មកពី​បណ្តា​ខេត្ត​ក្រុង​ក៏​ដូចជា​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​ថៃ​, វៀតណាម​, ឥណ្ឌូនេស៊ី​, ឥណ្ឌា ព្រមទាំង​អរគុណ​សិល្បករ និង​សិល្បការិនី​ទាំងអស់​ដែល​បាន​ចូលរួម​សម្តែង​នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នៅ​យប់​នេះ​។

​សម្ដេច​តេ ហ៊ុន សែន ក៏​បាន​អរគុណ​ដល់ ក្រសួង​ទេសចរណ៍ ដែល​បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក៏ដូចជា​បង្កើត​នូវ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ​ជា​បន្តបន្ទាប់ ជាពិសេស​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​រួម​ជាមួយនឹង​ខេត្ត​ដែល​បាន​ចូលរួម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ​។ សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ក្រសួង​សាធារណៈការ ដែល​បាន​ធ្វើ​ការកែលម្អ​ផ្លូវ​លេខ​៤៨ ដែល​ទទួលរង​ការខូចខាត​ឱ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ​ដើម្បី​អោយ​យើងទាំងអស់គ្នា​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​មក​លេង​បុណ្យ​សមុទ្រ​។ នៅពេល​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ពង្រីក​ផ្លូវ​នេះ​អោយទៅជា​៤​គន្លង​ផងដែរ​។

​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ប្តេជ្ញា​ការពារ​មិនឱ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​ទី​តា​ញ៉ូម (Titanium) ទេ ព្រោះ​វា​នឹង​បំផ្លាញ​ព្រៃឈើ​អស់​ជាង​២​ម៉ឺន​ហិកតា ហើយ​នៅពេល​កាយ​យក​រ៉ែ នោះ​វា​នឹង​បំផ្លាញ​បរិស្ថាន ធ្វើឱ្យ​ទឹកសមុទ្រ​ប្រែ​ពណ៌​តាមរយៈ​ការបង្ហូរ​ដីក្រហម​ចូលទៅក្នុង​សមុទ្រ​ដែល​នាំឱ្យ​បាត់បង់​សម្រស់​ធម្មជាតិ  ទឹកសមុទ្រ​ព័ណ៍​ខៀវស្រងាត់​នឹង​ក្លាយទៅជា​ពណ៌​ក្រហម ដូច្នេះ​គោលនយោបាយ​របស់ សម្តេច​តេជោ គឺ​ថែរក្សា​ការពារ​បរិស្ថាន​ឱ្យ​នៅ​គង់វង្ស​ល្អ​។​

​ដើម្បី​អភិវឌ្ឍ​តំបន់​ឆ្នេរ​នេះ​អោយ​កាន់តែ​មាន​និរន្ត​ភាព​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​អនុសាសន៍​ចំនួន​៨​ចំនុច​៖

១)​ត្រូវ​ធានា​អោយ​មាន​វត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ គឺ​ត្រូវ​ខិតខំ​រក្សា​សន្តិសុខ ស្ថានភាព​នយោបាយ កុំឲ្យ​មាន​ការវាយប្រហា​រ​ដោយ​ភេរវកម្ម ដែល​នេះ​គឺជា​ចំនុច​ដែល​ប្រជាពលរដ្ឋ​ត្រូវការ ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​នា​ពេលខាងមុខ​។

២)​រក្សា​ឲ្យបាន​នូវ​សមុទ្រ​បៃតង អោយ​នៅតែ​ជា​ជា​តារា​រះ​នា​ទិសនិរតី​នៃ​ខេត្ត​ទាំង​៤ ដែល​ជាប់​មាត់​សមុទ្រ​ដែល​ស្ថិតនៅ​ក្នុង​ចំណោម​ឆ្នេរ​ដ៏​ស្អាត​បំផុត​លើ​សាកលលោក និង​លើកទឹកចិត្ត​ឲ្យមាន​ការអភិវឌ្ឍន៍​អេកូ​ទេសចរណ៍​ដូចជា​នៅ​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ជាដើម​។ ថែរក្សា​ព្រៃឈើ  ថែរក្សា​ឆ្នេរសមុទ្រ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ សូម​អោយ​រដ្ឋមន្ត្រី​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ចាត់វិធានការ​ជាក់លាក់​មិនអោយ​មាន​កា​ចាក់ដី​លុប​ឆ្នេរ​ដោយ​គ្មាន​ការ​អនុញាត្តិ និង​បង្ហូរទឹក​ចូល​ទឹកសមុទ្រ​ជាដាច់ខាត​។ ដើម្បី​ធានា​ធ្វើយ៉ាងណា​ឲ្យ​សមុទ្រ​របស់​យើង​នៅតែ​ជា​សមុទ្រ​បៃតង​ជា​រៀងរហូត​។​

៣) ត្រូវ​ខិតខំ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដូចជា​ផ្លូវ​ធ្វើដំណើរ បណ្តាញ​អគ្គិសនី និង​ព្រលានយន្តហោះ ដើម្បី​បំរើ​វិស័យ​ទេសចរណ៍​អោយបាន​ល្អ​ប្រសើរ​។

៤)​បន្ត​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដូច​ជា​ចោរកម្ម ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ជាដើម​។

៥)​បន្ត​ជំរុញ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ជាពិសេស​បង្កើន​ការដាំដុះ​បន្លែ និង​ចិញ្ចឹមសត្វ​តាម​បែប​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​សេវា​ទេសចរណ៍ ធ្វើ​យ៉ាងណា​ជំរុញ​ខ្សែសង្វាក់​ផលិតផល​ប៉ៃ​តង នៅ​តាម​សណ្ឋាគារ​នានា​។

៦)​ពង្រឹង​ការតភ្ជាប់ ផ្លូវ​ធ្វើ​ដំណើរ​, ពង្រីក​ផ្លូវ​៤៨   ការតភ្ជាប់​ពី​កោះកុង​ទៅ​បាត់ដំបង​ដែល​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​ឆាប់​ខាងមុខ ជាពិសេស ខិតខំ​កសាង​ផ្លូវ​ពី​តំបន់​ផ្សេងៗ​មក​កាន់​តំបន់​មាត់សមុទ្រ​។

៧)​ត្រូវ​បង្កើន​ការការពារ​នូវ​សុវត្ថិភាព​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​តាម​ផ្លូវទឹក ជា​ពិសេស​ត្រូវ​រៀ​ចំពោ​ងទឹក​សុវត្ថិភាព​ដល់​ភ្ញៀវ​, ដឹកជញ្ជូន​ភ្ញៀវ​តាម​កាណូត​ត្រូវ​ធានា​អោយ​មាន​សុ​វត្តិភាព​ជាប្រចាំ​។​

៨)​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​មាន​មតិ​មួយចំនួន​និយាយ​ថា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​សមុទ្រ​ជា​ការរៀបចំ​មូលដ្ឋាន​កងទ័ព​។ ត្រង់​ចំនុច​នេះ សម្តេច​តេជោ បាន​បដិសេធ ហើយ​សម្តេច​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា កម្ពុជា​គឺ​មិន​អនុញ្ញាត​អោយមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​នោះទេ​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ជួប​តែ​សេចក្តីសុខ​ចម្រើន និង​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​ក្នុងឱកាស​នៃ​បុណ្យ​សមុទ្រ​នៅក្នុង​ខេត្ត​កោះកុង​រយៈពេល​៣​ថ្ងៃនេះ​៕

kb181216a02 kb181216a03 kb181216a035 kb181216a036

kb181216a037

Filed in: ព័ត៌មានជាតិ